English

មតិស្វាគមន៍របស់រដ្ឋមន្រ្តី

កម្ពុជា ជាព្រះរាជាណាចក្រមួយដែលសម្បូណ៌ទៅដោយសម្បត្តិធម្មជាតិផង និងស្នាដៃច្នៃប្រឌិតមិនចេះរីងស្ងួតរបស់ប្រជាជាតិនេះផង។ ជាពិសេស សម្បត្តិបេតិកភណ្ឌវប្បធម៌ ពីបុរាណទាំងរូបី និងអរូបី ដែលជាស្នាដៃមិនអាចកាត់ថ្លៃបាន របស់បុព្វបុរសយើងបានបន្សល់ទុកមក។

បណ្តា បេតិកភណ្ឌវប្បធម៌ទាំងនោះរួមមាន ផ្នែករូបី ជាអាថ៌គឺ បណ្តាប្រាសាទ រមណីយដ្ឋានវត្តអារាម ផ្ទះបុរាណ រមណីយដ្ឋានប្រវត្តិសាស្រ្ត ទួលអង្គ…រួមមានរាប់រយរាប់ពាន់ ប្រមាណជិត ៤,០០០ កន្លែង រាយដេរដាសទូទាំងប្រទេស (នេះមិនទាន់គិតដល់ប្រាសាទរាប់សិប ឬរាប់រយផ្សេងទៀតដែលជាអតីតប្រាសាទបុរាណខ្មែរ ស្ថិតនៅក្នុងដែនដីប្រទេសជិតខាងទៀតផង)។

ឯផ្នែកអរូបី រួមមានល្ខោនជាងម្ភៃទម្រង់ របាំបុរាណមានអាយុរាប់ពាន់ឆ្នាំ ពិសេសរបាំ ក្បាច់បុរាណខ្មែរ ឬហៅថារបាំអប្សរា ដែលជាបេតិកភណ្ឌអរូបីដ៏ប្រណិតគ្មានពីរត្រូវបានពិភពលោកទទួល ស្គាល់ និងបានចុះបញ្ជីជា“បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ” នាឆ្នាំ២០០៣ មានតន្រ្តី និងចម្រៀងខ្មែរបុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ដូចជាតន្រ្តីអារក្ស ភ្លេងការ…មានរបៀបសរសេរកំណាព្យជាង៥០បែប និងបែបបទស្មូត្រកំណាព្យជាង៦០ប្រភេទ, មានអក្សរសាស្រ្តខ្មែរបច្ចុប្បន្ន ដែលមានដើមកំណើតពីបុរាណជាងពាន់ឆ្នាំអាចរក្សាទុកតាមរយៈការ សម្រិតសំរាំងកែលម្អបន្តិចម្តងៗ ប្រើប្រាស់ជាផ្លូវការរហូតមក។ ក្រៅពីនោះនៅមានល្បែងរបាំប្រជាប្រិយប្រពៃណី ការនិទានរឿង…។ល។ ជាច្រើនទៀត។ បើប្រៀបទៅនឹងប្រទេសមួយដ៏តូចប្រជាជនតិចដូចកម្ពុជា បច្ចុប្បន្ន បេតិកភណ្ឌទាំងអស់ដូចដែលបានរៀបរាប់ត្រួសៗមកខាងលើនេះពិតជារតន សម្បត្តិដ៏មហាសាលមិនអាចកាត់ថ្លៃបាន ដែលសូម្បីប្រទេសធំៗលើពិភពលោកក៏មានការកោតសរសើរ និងស្ញប់ស្ញែងផងដែរ។
នេះជាសារមួយដ៏សង្ខេប ដែលនាងខ្ញុំក្នុងនាមរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចង់ចែករំលែក និងបញ្ជូនជាព័ត៌មានដល់បណ្តាប្រិយមិត្ត មិត្តអ្នកអានទាំងអស់ជាកុលបុត្រ កុលធីតាខ្មែរ ទាំងអ្នកនៅក្នុងស្រុក និងក្រៅស្រុករួមទាំងមិត្តបរទេសផ្សេងទៀតដែលចង់ ស្វែងយល់សិក្សាអំពីខ្មែរ អាចធ្វើការតាមដានរាល់ព័ត៌មានផ្សេងៗ ដែលក្រសួងបានបង្ហោះតាមរយៈគេហទំព័ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (www.mcfa.gov.kh) នាពេលនេះ។ ក្រុមការងាររបស់ក្រសួង នឹងខិតខំប្រមូលនូវរាល់ព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងសកម្មភាព សិល្បៈវប្បធម៌ធ្វើយ៉ាងណាឱ្យព័ត៌មាន និងរូបភាពទាំងនោះក្លាយទៅជាចំណាប់អារម្មណ៍ ជាចំណេះដឹង ដែលជាទីចូលចិត្ត និងមិនអាចខ្វះបានរបស់ប្រិយមិត្ត។
ទន្ទឹម នោះនាងខ្ញុំក៏សង្ឃឹមដែរថារាល់ចំណុចខុសឆ្គង និងខ្វះខាត នឹងត្រូវបានបំពេញ និងទទួលបានការកែលម្អដោយស្ថាបនាពីបណ្តាប្រិយមិត្តតបមកវិញ។
ក្នុងអាណត្តិថ្មីនីតិកាលទី៥នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ ជាត្រីវិស័យ នាងខ្ញុំក្នុងនាមជារដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ទាំងអស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ និងបញ្ញា ដើម្បីបំរើឱ្យបុព្វហេតុនៃវប្បធម៌ជាតិដែលមានគោលនយោបាយ វប្បធម៌មួយជាគ្រឹះគឺ “អភិរក្ស និងអភិវឌ្ឍ” អភិវឌ្ឍលើមូលដ្ឋានអភិរក្សដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រែក្លាយ “កម្ពុជា ជាព្រះរាជាណាចក្រនៃវប្បធម៌” ។
ក្នុងឆ្នាំថ្មីដែលនឹងនាំមកនូវកំណែទម្រង់ថ្មីលើមូលដ្ឋាននៃសន្តិភាព និរន្តរភាព និងវឌ្ឍនភាព នាងខ្ញុំសូមជូនពរ ឱ្យបណ្តាប្រិយមិត្តទាំងអស់ប្រកបដោយជ័យមង្គលសិរីសួស្តី និងពុទ្ធពរទាំងឡាយ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លាងឃ្លាតឡើយ។